ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលទទួលបានដោយផ្ទាល់មកកាន់ការិយាល័យនិពន្ធនៃគេហទំព័រ សារព័ត៌មានអ៊ែរញូវ (kehaktomporairnews.com.kh) បានឱ្យដឹងថា មានគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយបុរសម្នាក់បានរងរបួសជាទម្ងន់ ខណៈត្រាក់ទ័រមួយគ្រឿងត្រូវខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបរភ្ជួរដីស្រែសុខៗស្រាប់តែជាន់ចំគ្រាប់មីនមិនទាន់ផ្ទុះ បណ្តាលឱ្យផ្ទុះឡើងយ៉ាងកម្រោល កាលពីវេលាម៉ោង ៩:៣៤ នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ស្ថិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្បែរចំណុចបង្គោលសីមាលេខ ៣២ ដែលជាតំបន់ប្រឈមនឹងភូមិរំសៃ ឃុំថាប់ស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ភ្នាក់ងារព័ត៌មានប្រចាំការភូមិភាគខាងលិចរបស់ AirNews បបានប្រភពបញ្ជាក់ថា ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនេះមានឈ្មោះ លឹម ស៊ីនួន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មឆ័ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយរូបគាត់បានបើកបរត្រាក់ទ័រធ្វើសកម្មភាពបង្កបង្កើនផលនៅក្បែរខ្សែបន្ទាត់ព្រំដែន ហើយក៏បានជាន់លើកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាមបង្កឱ្យមានការផ្ទុះឡើងតែម្តង។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ប៉ុន្តែដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំង ទើបត្រូវបានក្រុមគ្រូពេទ្យសម្រេចចិត្តបញ្ជូនបន្តទៅធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ហើយជុំវិញករណីនេះដែរ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងដាំដុះក្បែរតំបន់ព្រំដែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីនដែលនៅសេសសល់ក្នុងដី៕ (សេចក្តីរាយការណ៍ពិស្តារមាននៅលើគេហទំព័រផ្លូវការ៖ kehaktomporairnews.com.kh / by:( ខៀវ បូរី)
