រាជធានីភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំធ្វើទំនើបកម្មរចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួនតាមរយៈសេចក្តីព្រាងអនុក្រឹត្យថ្មី ដែលផ្ដោតសំខាន់លើការបង្កើនប្រសិទ្ធភាពការងារជាចម្បង ជាជាងការបន្ថែមអង្គភាពថ្មីៗ។ យោងតាមកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមុខងារសាធារណៈ និងក្រសួងសង្គមកិច្ច លទ្ធផលនៃការសិក្សាបានបង្ហាញថា រចនាសម្ព័ន្ធស្នូលរបស់ក្រសួងនឹងត្រូវរក្សាទុកក្នុងស្ថានភាពដដែល ប៉ុន្តែត្រូវបានសម្រិតសម្រាំងឱ្យកាន់តែមានភាពស្ដួចស្ដើង និងរឹងមាំជាងមុន។ ការសម្រេចមិនពង្រីកចំណុះរដ្ឋបាលនេះ គឺជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជំរុញឱ្យស្ថាប័នរដ្ឋអនុវត្តអភិក្រមរៀបចំផ្ទះឱ្យរៀបរយ ដើម្បីធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិប្រកបដោយភាពស័ក្តិសិទ្ធភាពបំផុត។ តាមរយៈការពិនិត្យនិងផ្តល់ធាតុចូលយ៉ាងល្អិតល្អន់ពីក្រុមការងារបច្ចេកទេស សេចក្តីព្រាងអនុក្រឹត្យនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការគ្រប់គ្រង និងការប្រតិបត្តិការងាររបស់ក្រសួងឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងក្នុងសង្គម៕
