តុលាការឃុំខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធករណីរួមគំនិតជាមួយមេខ្លោង Online Scam នៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួនមនុស្សចំនួន ១៦នាក់ដែលរួមមានទាំងជនជាតិខ្មែរ និងចិន ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធនឹងសកម្មភាពគាំទ្រដល់បទល្មើសឆបោកតាមប្រព័ន្ធ០បច្ចេកវិទ្យាដ៏ធំមួយនៅក្រុងប៉ោយប៉ែត។ ជនត្រូវចោទទាំងនេះ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងបុគ្គលិកផ្នែកទំនាក់ទំនង ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងបទឆបោក និងផ្តល់ជំនួយដល់ចារី បន្ទាប់ពីសមត្ថកិច្ចរកឃើញថាពួកគេបានរៀបចំជាក្រុមចាត់តាំងយ៉ាងមានប្រព័ន្ធដើម្បីការពារក្រុមឧក្រិដ្ឋជន។

តាមរយៈការស៊ើបអង្កេត ក្រុមនេះបានប្រើប្រាស់បណ្តាញតេឡេក្រាមជាសម្ងាត់សម្រាប់ធ្វើសកម្មភាពស៊ើបការណ៍ និងតាមដានរាល់ចលនារបស់មន្ត្រីអនុវត្តច្បាប់ រួចរាយការណ៍ទៅឱ្យមេខ្លោងឆបោកដើម្បីត្រៀមខ្លួនរត់គេច ឬលាក់បាំងភស្តុតាងនៅពេលមានប្រតិបត្តិការបង្ក្រាប។សកម្មភាពទុច្ចរិតទាំងនេះត្រូវបានរកឃើញនៅចំណុចកាស៊ីណូ និងសណ្ឋាគារមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ កាលពីចុងខែមេសាកន្លងទៅ។

បច្ចុប្បន្ន ជនសង្ស័យដែលជាបុរសត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ចំណែកស្ត្រីត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី២ ដើម្បីរង់ចាំការវិនិច្ឆ័យទោសតាមច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបនឹងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៦នេះ។ ការបង្ក្រាបនេះបង្ហាញពីការរឹតបន្តឹងច្បាប់កាន់តែខ្លាំងចំពោះបុគ្គលទាំងឡាយណាដែលផ្ដល់ជំនួយ ឬសម្របសម្រួលដល់អាជីវកម្មឆបោកតាមអនឡាញឱ្យរួចផុតពីសំណាញ់ច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *