ខេត្តកំពត៖នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប ដែលមានអ្នកចូលរួមសរុបជាង ១ពាន់នាក់។ ក្នុងឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា នេះគឺជាដំណើរឆ្ពោះទៅកាន់មូលដ្ឋានដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងក្រើនរំលឹក និងជំរុញឱ្យមន្ត្រីមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វល់នានា ព្រមទាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការការពារធនធានធម្មជាតិឱ្យបានម៉ឺងម៉ាត់បំផុត។
ពាក់ព័ន្ធនឹងភូមិសាស្ត្រនៃខេត្តទាំងពីរ ខេត្តកែបគឺជាខេត្តជាប់ឆ្នេរសមុទ្រដែលមានផ្ទៃដីតូចជាងគេបំផុតនៅកម្ពុជាត្រឹមតែ ១៨៧,២៤ គីឡូម៉ែត្រក្រឡា និងមានកោះចំនួន១៣ ដែលត្រូវបានបង្កើតឡើងវិញតាំងពីសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៥៣។ បច្ចុប្បន្នខេត្តកែបមានប្រជាពលរដ្ឋសរុបជាង ៤ម៉ឺននាក់ ដែលភាគច្រើនប្រកបរបរកសិកម្ម នេសាទ ធ្វើអំបិល និងអាជីវកម្មទេសចរណ៍។ ដោយឡែកសម្រាប់ខេត្តកំពតវិញ គឺជាខេត្តដែលមានសក្តានុពលខ្ពស់លើពហុវិស័យ ដោយមានផ្ទៃដីសរុប ៤.៨៧៣,២ គីឡូម៉ែត្រក្រឡា និងមានឆ្នេរសមុទ្រប្រវែង ៦៦,៥ គីឡូម៉ែត្រ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិ រោងចក្រស៊ីម៉ងត៍ចំនួន៤កន្លែង វារីអគ្គិសនី និងប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែងតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តជាប់មាត់សមុទ្រដទៃទៀត។
ផ្អែកលើទិន្នន័យសេដ្ឋកិច្ចឆ្នាំ២០២៥ ខេត្តកំពតសម្រេចបាននូវទំហំសេដ្ឋកិច្ចប្រមាណ ១ ៦១២,៤ លានដុល្លារ ជាមួយអត្រាកំណើន ៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ខណៈដែលចំណូលមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ២១២៦,៤ ដុល្លារ។ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺននាក់ មានប្រមាណ ៧២,៤ភាគរយ ប្រកបរបរក្នុងវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្ត។ ជារួម ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅពេលនេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់មន្ត្រីមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការពិនិត្យមើលវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមជាក់ស្តែងនៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជាផងដែរ។
